Tel: (+855) 010-386-519 / 071-838-65-19

ដឹង​ទេ ! ដី​នៅ​ខេត្តកំពត​តំបន់​ណា​ដែល​លក់ដាច់ និង​ថ្លៃ​ជាងគេ ?

ខេត្តកំពត ៖ កំពត​នឹង​ក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​កម្ពុ​ជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ខេត្ត​មួយ​នេះ​មាន​ទេសភាព​ស្រស់​ស្អាត ។ នៅ​តាម​បណ្ដោយ​មាត់សមុទ្រ និង​ព្រែក អាច​សាងសង់​សណ្ឋាគារ ឧទ្យាន​ទឹក រី​សត ផ្ទះសំណាក់ ដែល​អំណោយផល​ដល់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ជា​ពិសេស អំណោយផល​ដល់​ដំណាំ​ម្រេច និង​ប្រភេទ​ដី​សម្រាប់​លំនៅ​ឋាន ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ កំពុង​ចាប់​អារម្មណ៍​ទៅ​បណ្ដាក់ទុន​វិនិយោគ​យ៉ាង​ខ្លាំង ពិសេស​ក្រោយ​ពី​មាន​គម្រោង​ធំ​ៗ​គ្រោង​បោះទីតាំង​នោះ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។

កត្ដា​អំណោយផល​ទាំងនេះ បាន​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី​នៅ​ខេត្តកំពត​កំពុង​តែ​មាន​សកម្មភាព​ខ្លាំង ហើយ​តម្លៃ​ក៏​មាន​កើនឡើង​នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ ។ តើ​តំបន់​ណា​ដែល​មាន​សកម្មភាព និង​លក់ដាច់​ជាងគេ ?

បើ​តាម​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Kampot Property បាន​ឲ្យ​ដឹង​ថា នៅ​ចុងឆ្នាំ​នេះ តំបន់​មាត់សមុទ្រ ត្រូវ​បាន​អ្នក​វិនិយោគ​មើលឃើញ​ច្រើន​ជាង​តំបន់​ផ្សេង​ៗ​ទៅ​ទៀត ។
លោក សុខ គែន បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២០ តុលា ថា ៖« ដី​នៅ​ខេត្តកំពត​មាន​ច្រើន​តំបន់​ដូច​ជា តំបន់​មាត់សមុទ្រ ដងព្រែក ជើងភ្នំ លំនៅ​ឋាន និង​តំបន់​ដី​កសិកម្ម ហើយ​តំបន់​មាត់សមុទ្រ​ឃើញ​ថា មាន​អ្នក​មក​វិនិយោគ​ច្រើន​ជាងគេ តាំងពី​២​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​ភាគច្រើន​អ្នក​មក​វិនិយោគ​សុទ្ធតែ​ជា​ជនជាតិ​ចិន ដោយ​ផ្ដោត​ទៅ​លើ​រី​សត បឹង​កា​ឡូ ផ្ទះសំណាក់ និង​ធ្វើ​កន្លែង​ផ្សេង​ទៀត ជា​ពិសេស ពួក​គាត់​សុទ្ធតែ​អភិវឌ្ឍន៍​គម្រោង​ធំ​ៗ​ជា​ច្រើន »​។

យ៉ាងណា​ក៏​ដោយ គិត​រហូត​មក​ដល់​ពេល​នេះ មាន​តែ​គម្រោង​ប៉ុណ្ណោះ មិន​ទាន់​ឃើញ​មាន គម្រោង​ណាមួយ​ចេញ​រូបរាង​នៅឡើយ​ទេ ។ នេះ​បើ​តាម​លោក​សុខ គែន បាន​បញ្ជាក់ ។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​រូប​នេះ​បាន​បន្ថែម​ថា មូលហេតុ​ដែល​តំបន់​មាត់សមុទ្រ​លេចធ្លោ​ជាងគេ ដោយសារ​តែ​វា​ជា​តំបន់​អភិវឌ្ឍន៍ អំណោយផល​ដល់​វិនិយោគិន និង​នៅ​ជិត​ទីតាំង​កំពង់​ផែ​ទេសចរណ៍​ខេត្ត ។

លោក សុខ គែន ក៏​បាន​បង្ហើប​ថា នៅ​ថ្ងៃ​ខាង​មុខ ខេត្តកំពត​នឹង​ឈាន​ដល់​ការ​អភិវឌ្ឍ​ស្រ​ដៀង​នឹង​ក្រុងព្រះសីហនុ​ដែរ ព្រោះ​វិនិយោគិន​បច្ចុប្បន្ន កំពុង​តែ​ងាក​មក​រក​ខេត្ត​កំពត​ច្រើន ដោយសារ​វា​ជា​កន្លែង​អំណោយផល​ដល់​វិស័យ​ទេសចរណ៍ ។

ម្យ៉ាងវិញទៀត ដី​នៅ​តំបន់​នេះ​នៅ​មាន​តម្លៃ​ថោក​សមរម្យ​ជាង​នៅ​ក្រុងព្រះសីហនុ ដោយ​សព្វ​ថ្ងៃនេះ ដី​នៅ​តំបន់​មាត់សមុទ្រ គឺ​មាន​តម្លៃ​ពី​៥០​ទៅ​១០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​តែ​ប៉ុណ្ណោះ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ជំនួយការ​អភិបាលខេត្ត លោក នូ​រ ច័ន្ទ​ដា បាន​ថ្លែង​ថា ៖« បើ​ប្រៀប​ធៀប​នឹង​ការ​រីក​ចម្រើន​លើ​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ ខេត្តកំពត​មិន​ត្រឹមតែ​អាច​ប្រហាក់ប្រហែល​នឹង​ក្រុងព្រះសីហនុ​ទេ តែ​វា​នឹង​អាច​លើស​ហ្នឹង​ទៅ​ទៀត»។

លោក​បញ្ជាក់​បែប​នេះ ដោយសារ​ខេត្តកំពត​ជា​តំបន់​ខ្ពង់រាប​អនុគ្រោះ​ដល់​ការ​សាងសង់​ពី​បណ្ដា​វិនិយោគិន​ធំ​ៗ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​យ៉ាង​ធំ​ទូលាយ​​ទាំង​ធម្មជាតិ និង​វប្បធម៌​ផង​ដែរ ។ វិនិយោគិន​មក​វិនិយោគ​នៅ​ខេត្តកំពត​ភាគ​ច្រើន គឺជា​ជនជាតិ​ចិន ដែល​ពួក​គេ​បាន​សាងសង់​រោងចក្រ​ជា​ច្រើន​ដូច​ជា រោងចក្រ​ស្បែកជើង និង​សម្លៀក​បំពាក់​ជាដើម ។

ក្រៅពី​វិនិយោគិន​ចិន ក៏​មាន​វិនិយោគិន​មក​ពី​អឺរ៉ុប និង​បារាំង បាន​មក​វិនិយោគ​កន្លែង​កម្សាន្ត​ផង​ដែរ ដូច​ជា បឹង​កា​ឡូ ផ្ទះសំណាក់ សណ្ឋាគារ រី​សត និង​ផ្សារ​ទំនើប ៕

Back to top

Leave a Reply